1 Timothy 1

1ខ្ញុំប៉ូល​ជា​សាវក​របស់​ព្រះ​គ្រិស្ដយេស៊ូស្របតាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើងនិង​ព្រះ​គ្រិស្ដយេស៊ូ​ដែល​ជា​ក្ដីសង្ឃឹម​របស់​យើង 2ជូនចំពោះ​ធីម៉ូថេ​ជា​កូនពិតប្រាកដ​របស់​ខ្ញុំ​ខាងជំនឿ។ ​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតានិង​ព្រះ​គ្រិស្ដយេស៊ូជាព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះ​គុណ​សេចក្ដី​មេត្ដាករុណា​និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក។ 3ពេលខ្ញុំ​រៀប​ទៅស្រុកម៉ាសេដូន​ខ្ញុំ​បាន​លើកទឹកចិត្ដអ្នក​ឲ្យ​ស្នាក់នៅក្នុង​ក្រុង​អេភេសូរដើម្បីឲ្យ​អ្នក​បង្គាប់​អ្នក​ខ្លះកុំ​ឲ្យ​បង្រៀន​សេចក្ដី​ផ្សេង 4ចាប់អារម្មណ៍​នឹង​រឿងព្រេងនិងបញ្ជី​វង្ស​ត្រកូល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ​ព្រោះ​រឿង​ទាំង​នោះធ្វើ​ឲ្យ​មានការ​ជជែក​ដេញ​ដោល​គ្នា​ជាជាងការបម្រើព្រះជាម្ចាស់ដោយជំនឿ 5គោលបំណង​របស់​សេចក្ដីបង្គាប់​នេះ​គឺ​ឲ្យ​មាន​សេចក្ដី​ស្រលាញ់​ដែល​កើត​ចេញ​ពីចិត្ដបរិសុទ្ធ​ពី​មនសិការល្អនិង​ពី​ជំនឿ​ដ៏​ឥតពុតត្បុត 6ដ្បិតអ្នកខ្លះ​បាន​វង្វេងចេញ​ពី​សេចក្ដី​ទាំងនេះ​ហើយ​បែរ​ទៅ​រកការ​និយាយ​ឥត​ប្រយោជន៍​វិញ 7ពួកគេចង់​ធ្វើ​ជាគ្រូ​គម្ពីរ​វិន័យ​ប៉ុន្ដែ​ពួកគេ​មិនយល់​សេចក្ដី​ដែល​ពួកគេ​និយាយ​សេចក្ដី​ដែល​ពួកគេ​អះអាងផង 8យើងដឹងថាគម្ពីរវិន័យល្អបើគេប្រើ​បាន​ត្រឹមត្រូវ 9យើងក៏​ដឹង​ការ​នេះ​ដែរ​ថាក្រឹត្យវិន័យមិន​មែន​បង្កើតមក​សម្រាប់​មនុស្ស​សុចរិតទេគឺ​សម្រាប់​មនុស្ស​ល្មើសច្បាប់​មនុស្ស​មិន​ស្ដាប់​បង្គាប់​មនុស្ស​មិន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​មនុស្ស​បាប​មនុស្ស​មិនបរិសុទ្ធ​មនុស្ស​ប្រមាថព្រះជាម្ចាស់មនុស្ស​សម្លាប់​ឪពុកម្ដាយមនុស្ស​សម្លាប់​គេ 10មនុស្សប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទមនុស្សរួមភេទជាមួយភេទដូចគ្នា​ពួក​ជួញ​ដូរ​មនុស្ស​ពួក​កុហក​ពួក​ស្បថបំពាននិងការ​អ្វី​ផ្សេងទៀតដែលប្រឆាំងនឹង​សេចក្ដី​បង្រៀនត្រឹមត្រូវ 11ដែលស្របទៅតាមដំណឹងល្អដ៏រុងរឿងរបស់ព្រះជាម្ចាស់​ដ៏​មានពរ​គឺ​ជា​ដំណឹងល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ 12ខ្ញុំសូមអរព្រះគុណ​ព្រះ​គ្រិស្ដយេស៊ូជាព្រះអម្ចាស់​របស់​យើងដែល​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំដ្បិត​ព្រះអង្គ​បាន​រាប់ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​ហើយ​បាន​តែងតាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ 13ទោះបីកាល​ពីដើម​ខ្ញុំ​ជា​អ្នក​ប្រមាថព្រះជាម្ចាស់​ជា​អ្នកបៀតបៀនហើយ​ជា​មនុស្សព្រហើន​ក៏ដោយ​ក៏​ព្រះអង្គ​បាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដែរ​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ដដោយមិនយល់​និង​ដោយគ្មានជំនឿ 14ព្រះអម្ចាស់របស់​យើង​បាន​ប្រទាន​ព្រះ​គុណ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ហួស​ប្រមាណ​ព្រម​ជាមួយ​នឹងជំនឿនិង​សេចក្ដី​ស្រលាញ់នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ផង។ 15ពាក្យនេះគួរ​ឲ្យ​ជឿហើយសម​នឹង​ទទួលយកទាំងស្រុងគឺថា​ព្រះ​គ្រិស្ដយេស៊ូ​បាន​យាង​មកក្នុងពិភពលោកនេះ​ដើម្បី​សង្គ្រោះ​មនុស្ស​បាប​ហើយ​ក្នុង​ចំណោម​នោះខ្ញុំជា​មនុស្ស​បាប​បំផុត 16ប៉ុន្ដែព្រះអង្គ​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​ព្រះ​គ្រិស្ដយេស៊ូបង្ហាញសេចក្ដីអត់ធ្មត់ដ៏​ពេញ​លេញ​របស់​ព្រះអង្គ​ដល់ខ្ញុំ​ដែល​ជា​មនុស្ស​បាប​បំផុត​និង​ទុកជាគំរូ​ដល់​អស់​អ្នកដែលនឹងជឿលើព្រះអង្គដើម្បី​ឲ្យ​បានជីវិត​អស់កល្ប​ជានិច្ច 17សូមឲ្យ​ព្រះ​មហាក្សត្រ​ដែល​គង់​នៅ​អស់កល្បជានិច្ច​ជា​ព្រះជាម្ចាស់តែមួយ​ដែល​មាន​ព្រះជន្ម​មិន​ចេះ​សាប​សូន្យ​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយសនិងសិរីរុងរឿងអស់កល្បជានិច្ចអាម៉ែន 18ធីម៉ូថេកូនអើយ! ​ខ្ញុំ​ប្រគល់​សេចក្ដី​បង្គាប់នេះ​ដល់​អ្នកស្របតាម​ព្រះ​បន្ទូល​ដែល​បាន​ថ្លែងទុកអំពីអ្នកដើម្បីឲ្យ​អ្នក​តយុទ្ធ​បាន​យ៉ាង​ល្អដោយសារសេចក្ដី​ទាំង​នេះ 19និងដើម្បី​ឲ្យ​អ្នក​រក្សាជំនឿនិងមនសិការល្អ​ដ្បិត​អ្នក​ខ្លះ​បាន​បោះបង់ចោល​សេចក្ដី​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ជំនឿ​របស់​ពួកគេ​លិច​លង់ 20ក្នុងចំណោម​អ្នក​ទាំងនោះមាន​លោក​ហ៊ីមេនាសនិង​លោក​អាឡិចសន់ឌើដែល​ខ្ញុំ​បាន​ប្រគល់ឲ្យ​អារក្ស​សាតាំងដើម្បីប្រដៅ​ពួកគេ​កុំ​ឲ្យ​ប្រមាថព្រះជាម្ចាស់ទៀត
Copyright information for KhmKCB